នៅពាក់កណ្តាលខែមិថុនា ឆ្នាំ១៩៤០ កងទ័ពរបស់ហ៊ីត្លែរបានវាយចូលកាន់កាប់ក្រុងប៉ារីស ធ្វើឲ្យរដ្ឋាភិបាលបារាំង ដែលដឹកនាំដោយសេនាប្រមុខ Philippe Pétain ចរចាសុំចុះចាញ់ ហើយសុខចិត្តធ្វើជារដ្ឋរណបរបស់អាល្លឺម៉ង់។

យន្តហោះចម្បាំងរបស់អាល្លឺម៉ង់ នៅក្នុងសង្រ្គាមទ័ពអាកាសជាមួយអង់គ្លេស
បន្ទាប់ពីយកជ័យជម្នះលើបារាំងបានហើយ
ហ៊ីត្លែរក៏បានងាកទៅរកអង់គ្លេសវិញម្តង
ដោយចង់យកទឹកដីប៉ែកខាងជើងរបស់បារាំងធ្វើជាមូលដ្ឋាន
ក្នុងការវាយប្រហារលើអង់គ្លេស។
ក៏ប៉ុន្តែ អង់គ្លេសខុសពីបារាំងនៅត្រង់ថា
ប្រទេសអង់គ្លេសគឺជាកោះ ដែលមានសមុទ្រជាខែលការពារ។ ដូច្នេះ
បើសិនជាហ៊ីត្លែរចង់ចូលឈ្លានពានអង់គ្លេស គឺចាំបាច់ត្រូវតែបញ្ជូនកងទ័ពឆ្លងកាត់ច្រកសមុទ្រ
English Channel (នៅចន្លោះអង់គ្លេស
និងឆ្នេរប៉ែកខាងជើងប្រទេសបារាំង) ដែលជាមិនមែនជារឿងងាយស្រួលនោះទេ
ដោយសារតែចក្រភពអង់គ្លេសនៅពេលនោះ គឺជាមហាអំណាចខាងទ័ពជើងទឹកដ៏ធំមួយ
នៅលើពិភពលោក ចំណែកឯទ័ពជើងទឹករបស់អាល្លឺម៉ង់វិញកំពុងតែមានសភាពទន់ខ្សោយយ៉ាងខ្លាំង
ក្រោយពីទទួលរងការខូចខាតយ៉ាងដំណំ
នៅក្នុងប្រតិបត្តិការឈ្លានពានប្រទេសន័រវែស កាលពីខែមេសា ១៩៤០។
តាមការពិត
ហ៊ីត្លែរក៏មិនចង់ធ្វើសង្រ្គាមទល់នឹងចក្រភពអង់គ្លេសដែរ។ បើសិនជាអង់គ្លេសយល់ព្រម
ហ៊ីត្លែរសប្បាយចិត្តនឹងចុះកិច្ចព្រមព្រៀងជាមួយអង់គ្លេស
ដើម្បីចែកអំណាចគ្នា គឺអង់គ្លេសធ្វើជាមហាអំណាចជើងទឹក
ចំណែកអាល្លឺម៉ង់ជាមហាអំណាចខាងជើងគោក។
នៅពាក់កណ្តាលខែកក្កដា ឆ្នាំ១៩៤០
ហ៊ីត្លែរបានប្រកាសជាសាធារណៈស្នើឲ្យមានការចរចាបញ្ចប់សង្រ្គាមជាមួយអង់គ្លេស។
នៅពេលនោះ មានអ្នកនយោបាយ
ព្រមទាំងសមាជិករាជវង្សមួយចំនួនរបស់អង់គ្លេសចង់ឲ្យអង់គ្លេសចរចាជាមួយហ៊ីត្លែរ
ដើម្បីបញ្ចៀសសង្រ្គាម។ ក៏ប៉ុន្តែ លោក Winston Churchill ដែលទើបនឹងឡើងមកកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស
ជំនួសលោក Neville Chamberlain បានជាងពីរខែ
បានប្រកាន់ជំហរយ៉ាងតឹងរ៉ឹងថា ក្នុងឋានៈជាមហាអំណាចដែលមានកិត្តិយស
និងសម្តីថ្លៃថ្នូរ អង់គ្លេសមិនអាចយកតែរួចខ្លួន
ហើយសុខចិត្តឲ្យហ៊ីត្លែរកាន់កាប់ប្រទេសនៅអឺរ៉ុបដែនគោក
ដែលជាសម្ព័ន្ធមិត្តរបស់អង់គ្លេស
ហើយដែលអង់គ្លេសធ្លាប់បានចុះកិច្ចព្រមព្រៀងសន្យាថានឹងជួយការពារនោះទេ។
ដោយមិនអាចបញ្ចុះបញ្ចូលអង់គ្លេសឲ្យចូលមកចរចាបញ្ចប់សង្រ្គាមនឹងគ្នាបាន
ហ៊ីត្លែរក៏បានដាក់បញ្ជាឲ្យទ័ពអាល្លឺម៉ង់ចាប់ផ្តើមអនុវត្តផែនការដែលបានរៀបចំទុកតាំងពីមុន
គឺការបញ្ជូនទ័ពឆ្លងសមុទ្រ ដើម្បីចូលឈ្លានពានលើអង់គ្លេស។ ប្រតិបត្តិការ
ដែលហ៊ីត្លែរដាក់ឈ្មោះថា “ប្រតិបត្តិការតោសមុទ្រ” (Operation Sea Lion)។
ក៏ប៉ុន្តែ ដើម្បីឲ្យ “តោសមុទ្រ”
របស់ហ៊ីត្លែរអាចឆ្លងទៅឈ្លានពានអង់គ្លេសបាន
អាល្លឺម៉ង់ចាំបាច់ត្រូវតែធ្វើយ៉ាងណាគ្រប់គ្រងច្រកសមុទ្រ English
Channel ឲ្យបានជាមុនសិន ហើយ
ដោយសារតែនាវាចម្បាំងរបស់អាល្លឺម៉ង់ភាគច្រើនត្រូវខូចខាតក្នុងប្រតិបត្តិការឈ្លានពានលើន័រវែស
កាលពីប៉ុន្មានខែមុន ហ៊ីត្លែរមានតែរំពឹងលើយន្តហោះចម្បាំង។
នៅខែកក្កដា ឆ្នាំ១៩៤០
ហ៊ីត្លែរក៏បានបញ្ជាឲ្យកងទ័ពអាកាសអាល្លឺម៉ង់បើកប្រតិបត្តិការវាយកម្ទេចទ័ពអាកាស
ព្រមទាំងប្រព័ន្ធការពារឆ្នេរសមុទ្រអង់គ្លេស ដើម្បីគ្រប់គ្រងច្រកសមុទ្រ English
Channel។ ក៏ប៉ុន្តែ ខុសពីការរំពឹងទុករបស់ហ៊ីត្លែរ
កងទ័ពអាកាសរបស់អង់គ្លេសមិនងាយនឹងឲ្យអាល្លឺម៉ង់វាយបំបាក់បានងាយៗនោះទេ។
តាមការពិត នៅក្នុងរយៈពេល ២សប្តាហ៍ដំបូង គឺពីពាក់កណ្តាលខែ ដល់ចុងខែកក្កដា
គឺអាល្លឺម៉ង់ទៅវិញទេ ដែលទទួលរងការខូចខាតច្រើនជាងអង់គ្លេស
ដោយមានយន្តហោះរហូតដល់ទៅ ១៨០គ្រឿងត្រូវអង់គ្លេសបាញ់ទម្លាក់
ក្នុងពេលដែលអង់គ្លេសត្រូវបាត់បង់យន្តហោះតែ ៧០គ្រឿង។
នៅខែកញ្ញា ឆ្នាំ១៩៤០ ដោយមើលឃើញថា
ដែនអាកាសក៏មិនអាចគ្រប់គ្រងបាន ហើយដែនទឹកក៏កាន់តែពិបាកនឹងយកប្រៀបលើអង់គ្លេសទៅទៀត
ហ៊ីត្លែរក៏បានសម្រេចលុបចោលគម្រោងបញ្ជូនកងទ័ពឲ្យឆ្លងសមុទ្រចូលទៅឈ្លានពានអង់គ្លេស។
ក៏ប៉ុន្តែ នៅពេលនោះ
ហ៊ីត្លែរមិនបានបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាសទៅលើអង់គ្លេសនោះទេ។
ចាប់ពីថ្ងៃទី៧ ខែកញ្ញា
ហ៊ីត្លែរបានបង្វែរប្រតិបត្តិការទ័ពអាកាសពីការវាយបើកច្រកផ្លូវដើម្បីចូលឈ្លានពាន
ទៅជាប្រតិបត្តិការទម្លាក់គ្រាប់បែកកម្ទេចទីក្រុងធំៗរបស់អង់គ្លេសវិញ
ក្នុងគោលដៅធ្វើយ៉ាងណាបង្កការខូចខាតជាអតិបរមា
ដើម្បីបង្ខំឲ្យអង់គ្លេសងាកមកចរចាបញ្ចប់សង្រ្គាម។
នៅក្នុងចន្លោះពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤០ ដល់ថ្ងៃទី២១
ខែឧសភា ឆ្នាំ១៩៤១ គ្រាប់បែកប្រមាណជា ១០០តោន
ត្រូវបានយន្តហោះអាល្លឺម៉ង់ទម្លាក់ទៅលើទីក្រុងធំៗចំនួន
១៦ក្រុងរបស់អង់គ្លេស ជាពិសេស គឺទីក្រុងឡុងដ៍ ដោយបានបណ្តាលឲ្យជនស៊ីវិលអង់គ្លេសប្រមាណ
៤ម៉ឺននាក់ត្រូវបាត់បង់ជីវិត អគាររោងចក្រ
ព្រមទាំងផ្ទះសម្បែងរាប់លានខ្នងត្រូវទទួលរងនូវការបំផ្លិចបំផ្លាញ។

ក្រុងឡុងដ៍ ដែលត្រូវខូចខាតដោយការទម្លាក់គ្រាប់បែករបស់អាល្លឺម៉ង់
ក៏ប៉ុន្តែ ជាថ្មីម្តងទៀត
ប្រតិបត្តិការទម្លាក់គ្រាប់បែកនេះក៏មិនបានសម្រេចទៅតាមគោលដៅដែលហ៊ីត្លែរចង់បាននោះដែរ
ពីព្រោះថា
វាមិនបានធ្វើឲ្យសេដ្ឋកិច្ចអង់គ្លេសត្រូវទទួលរងនូវការខូចខាតធ្ងន់ធ្ងរ
ឬក៏ធ្វើឲ្យអង់គ្លេសបាក់ទឹកចិត្ត
ហើយងាកមកចរចាបញ្ចប់សង្រ្គាមជាមួយអាល្លឺម៉ង់នោះទេ។
ផ្ទុយទៅវិញ ការទម្លាក់គ្រាប់បែកលើទីក្រុងឡុងដ៍
ដែលបានកម្ទេចផ្ទះសម្បែង ព្រមទាំងសម្លាប់ប្រជាជនស៊ីវិលរាប់ម៉ឺននាក់
បានធ្វើឲ្យប្រជាជនអង់គ្លេសកាន់តែមានកំហឹងចំពោះហ៊ីត្លែរ
ហើយនាំគ្នាគាំទ្ររដ្ឋាភិបាល និងកងទ័ពអង់គ្លេសកាន់តែខ្លាំង
ក្នុងការប្រយុទ្ធតទល់នឹងអាល្លឺម៉ង់។ បើនិយាយពីខាងផ្នែកសេដ្ឋកិច្ចវិញ ប្រតិបត្តិការទម្លាក់គ្រាប់បែកដោយឥតលោះថ្ងៃ
នៅក្នុងរយៈពេល ៨ខែនេះ
ក៏មិនបានធ្វើឲ្យសកម្មភាពផលិតកម្មរបស់អង់គ្លេសត្រូវធ្លាក់ចុះនោះដែរ។
វិស័យឧស្សាហកម្មយោធារបស់អង់គ្លេស មិនត្រឹមតែមិនធ្លាក់ចុះនោះទេ
តែថែមទាំងកើនឡើងទៅវិញ។
លើសពីនេះទៅទៀត នៅដើមឆ្នាំ១៩៤១
អង់គ្លេសចាប់ផ្តើមទទួលបាននូវជំនួយផ្នែកយោធាពីប្រទេសដ៏សំខាន់មួយ
គឺសហរដ្ឋអាមេរិក។ នៅខែមីនា ឆ្នាំ១៩៤១ សភាអាមេរិកបានអនុម័តច្បាប់មួយ (Lend-Lease
Act) ដោយអនុញ្ញាតឲ្យប្រធានាធិបតីអាមេរិក គឺលោក Franklin
Roosevelt បញ្ជូនគ្រឿងសព្វាវុធទៅជួយអង់គ្លេស
ហើយខុសពីកាលសម័យសង្រ្គាមលោកលើកទី១
គ្រឿងសព្វាវុធអស់ទាំងនេះត្រូវបានផ្តល់ទៅឲ្យអង់គ្លេសក្នុងទ្រង់ទ្រាយជាជំនួយឥតសំណង។
ជំនួយយោធារបស់អាមេរិក បានធ្វើឲ្យអង់គ្លេសមានកម្លាំងកាន់តែខ្លាំង
ក្នុងការប្រយុទ្ធតទល់នឹងអាល្លឺម៉ង់។
នៅទីចុងបញ្ចប់ ហ៊ីត្លែរត្រូវប្រឈមមុខនឹងតថភាពមួយ
គឺទឹកដីរបស់អង់គ្លេសជាដែនកោះដែលមិនអាចចូលឈ្លានពានបាន។
ហ៊ីត្លែរក៏បានសម្រេចផ្អាកប្រតិបត្តិការយោធានៅអង់គ្លេស
ហើយងាកទៅអឺរ៉ុបខាងកើតវិញម្តង ដោយចាប់ផ្តើមអនុវត្តគម្រោងការណ៍ចូលឈ្លានពានសហភាពសូវៀត
ដែលហ៊ីត្លែរធ្លាប់បានចុះកិច្ចព្រមព្រៀងមិនឈ្លានពានគ្នារួចទៅហើយ
នៅមុនពេលចូលឈ្លានពានប៉ូឡូញ កាលពីឆ្នាំ១៩៣៩៕
ប្រភព៖ RFI Khmer