យុគខ្មៅងងឹត​នៅ​អឺរ៉ុប​ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម

 នៅឆ្នាំ​៤៧៦​គ.ស ចក្រភពរ៉ូម ដែល​ត្រួតត្រាពិភពលោក​រាប់​រយឆ្នាំ​មក​ហើយ​នោះ ត្រូវ​ដួលរលំ។ ចក្រភព​រ៉ូមខាងកើត នៅ​បន្ត​អត្ថិភាព​របស់​ខ្លួន​តទៅទៀត ដែល​គេ​ច្រើន​តែ​ហៅ​ថា ជា​ចក្រភព​ប៊ីហ្សង់តាំង ដែល​មាន​រាជធានី​ នៅ​កុងស្តង់ទីណូប។ ក៏ប៉ុន្តែ ចក្រភពរ៉ូម​ខាងលិចវិញ ត្រូវ​រលំ​បាត់រូប ក្រោយ​ពី​អធិរាជ​រ៉ូម​ចុងក្រោយ ឈ្មោះ រ៉ូមូលូស អូហ្គូសទូស (Romulus Augustus) ត្រូវបាន​ក្រុមសម្ព័ន្ធ​​មក​ពី​អម្បូរ​ហ្ស៊ែរម៉ានិក (Germanique) ផ្តួលរំលំ។


 តំបន់​អឺរ៉ុប ដែល​ធ្លាប់​តែ​ស្ថិត​ក្នុង​មហារដ្ឋ​តែមួយ គឺ​ចក្រភពរ៉ូម ត្រូវ​បាន​បំបែក​ទៅ​ជា​នគរ​តូចៗ​ជាច្រើន។ ​ស្តេចដែល​គ្រប់គ្រង​​​នគរ​អស់ទាំងនោះ ភាគច្រើន​​ជា​ប្រជាជន​ចេញ​ពី​អម្បូរ​ហ្ស៊ែរម៉ានិក​ដូចគ្នា ក៏ប៉ុន្តែ ស្ថិត​ក្នុង​កុលសម្ព័ន្ធ​ផ្សេងគ្នា ហើយ​​តែងតែ​ធ្វើ​សង្រ្គាម​នឹង​គ្នា​ទៅវិញទៅមក​​ជារឿយៗ។

 ក្នុង​ចំណោម​កុលសម្ព័ន្ធ នៃ​អម្បូរ​ហ្ស៊ែរម៉ានិក ដែល​គ្រប់គ្រង​ដែនដី​អឺរ៉ុប ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភពរ៉ូម គេឃើញ​មាន​ ​ពួក​ហ្វ្រង់ (Franc) គ្រប់គ្រង​អឺរ៉ុប​ខាង​លិច ដែល​​ក្រោយមក ត្រូវបាន​គេ​យក​ឈ្មោះ​មក​ដាក់​ឲ្យ​ប្រទេស​ និង​ប្រជាជន​បារាំង (La France/Les français)។ ពួក​​អង់គ្លី (Anglii) និង​ពួក​សាក់សុង (Saxon) ដែល​ក្រោយ​មក​បាន​រំលាយ​បញ្ចូល​គ្នា ជា​ពួក អង់ហ្គ្លោ-សាក់សុង (Anglo-Saxon) បានចេញ​ពី​អឺរ៉ុប​ដីគោក ​ទៅបោះ​ទី​តាំង នៅលើ​កោះ​ដ៏ធំមួយ នៅ​ប៉ែក​ខាង​ត្បូង​អឺរ៉ុប គឺដែនដី​នៃ​​រាជាណាចក្រ​អង់គ្លេស​បច្ចុប្បន្ន។ ឯពួក​ស្កង់ឌីណាវ (Scandinave) គ្រប់គ្រង​តំបន់​អឺរ៉ុប​ប៉ែក​ខាង​ជើង នៅត្រង់​ម្តុំ ប្រទេស​​ន័រវែស ដាណឺម៉ាក និង​ស៊ុយអែដ​បច្ចុប្បន្ន។

 នៅ​ក្នុង​ចំណោម​ប្រជាជន ក្នុង​អម្បូរ​ហ្ស៊ែរម៉ានិក​នេះ គេ​សង្កេតឃើញ​ថា ពួក​ហ្វ្រង់​ គឺ​ជា​ក្រុម​ដែល​មាន​អំណាច​ខ្លាំង​ជាងគេ នៅក្នុង​យុគសម័យ​កណ្តាល (Moyen Age/Middle Age)។ អំណាច​របស់​ពួកហ្វ្រង់​បាន​ស្គាល់​ភាព​រុងរឿង​បំផុត នៅ​ក្នុង​រជ្ជកាល​នៃ​អធិរាជ​ស្ហាឡឺម៉ាញ (Charlemagne) ក្នុង​អំឡុង​ឆ្នាំ​៨០០​គ.ស។ ដែនដី​របស់​ពួក​ហ្វ្រង់ នៅ​ក្នុង​យុគសម័យ​កណ្តាល​នោះ លាតសន្ធឹង​នៅ​​ស្ទើរតែ​ពាសពេញ​​តំបន់​អឺរ៉ុប​ខាង​លិច​ទាំងមូល។ ក៏ប៉ុន្តែ នៅ​ក្រោយ​រជ្ជកាល​នៃ​អធិរាជ​ស្ហាឡឺម៉ាញ អាណាចក្រ​ហ្វ្រង់​ ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​ គឺ​​ហ្វ្រង់​ខាងលិច (Francie occidentale) និង​ហ្វ្រង់ខាងកើត (Francie orientale)។ ក្រោយ​មក ហ្វ្រង់​ខាង​លិច​​បាន​បង្កើត​ទៅជា​រាជាណាចក្រ​​បារាំង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ម្តុំ​​ប្រទេស​បារាំង​សម័យ​បច្ចុប្បន្ន។ ចំណែក​​​ហ្វ្រង់ខាងកើត​បានបង្កើត​ជា​​​រាជាណាចក្រ​អាល្លឺម៉ង់ ដែល​មាន​ទីតាំង​នៅ​ម្តុំ​ប្រទេស​អាល្លឺម៉ង់​សម័យបច្ចុប្បន្ន។

 ការដួលរលំ​នៃ​ចក្រភពរ៉ូម គឺ​ជា​របត់​ដ៏​សំខាន់​មួយ ក្នុង​ប្រវត្តិសាស្រ្ត​អឺរ៉ុប។ ដែនដី​អឺរ៉ុប​ដែល​ធ្លាប់តែ​រួបរួម​គ្នា ក្រោម​ចក្រភព​រ៉ូម ត្រូវ​បែកជា​ចំណែកៗ។ សង្រ្គាម និង​ភាពចលាចល​បាន​កើតមាន​ឡើង​ឥតឈប់ ដែល​នាំ​ឲ្យ​អឺរ៉ុប​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ គ្មាន​ច្បាប់ គ្មានទម្លាប់ ហើយ​ប្រជាជន​គ្មាន​ការ​អប់រំ។

 ចាប់តាំង​ពី​ពេល​ចាប់ផ្តើម​នៃប្រវត្តិសាស្រ្ត គេ​សង្កេតឃើញ​ថា មនុស្សជាតិ​តែងតែ​ស្គាល់​នូវ​ភាព​រីកចម្រើន​ជឿនលឿន​ទៅមុខ​ជា​លំដាប់។ ក្នុងរយៈពេល ៣៥​សតវត្សរ៍ ចាប់តាំង​ពី​ការ​ចាប់កំណើត​នៃ​អរិយធម៌​អេហ្ស៊ីប​មក មនុស្សជាតិ​មាន​ចំណេះដឹង​កាន់តែ​ប្រសើរ​ឡើង ហើយ​​របៀបរស់​នៅ​​កាន់តែ​មាន​លក្ខណៈ​ទំនើបឡើង ពី​សតវត្សរ៍មួយ ទៅ​សតវត្សរ៍​មួយ តាមរយៈ​ភាព​ឆ្លាតវៃ និង​គំនិត​ច្នៃប្រឌិត​របស់​ប្រជាជន​អេហ្ស៊ីប ចិន ក្រិក ហ្វេនីស៊ី និង​ពួក​រ៉ូម៉ាំង។ ដោយសារ​ប្រជាជន​អស់ទាំងនេះ​ មនុស្ស​មាន​ប្រព័ន្ធ​សំណេរ​តាមបែប​អក្ខរក្រម​(បង្កើត​ឡើង​ដោយ​ពួក​ហ្វេនីស៊ី) មាន​ត្រីវិស័យ (បង្កើតឡើង​ដោយ​ចិន) មាន​រូបមន្ត​ធរណីមាត្រ និង​​ទស្សនវិជ្ជា (ក្រិក) មាន​ប្រព័ន្ធ​ច្បាប់​ជា​សំណេរ (បង្កើតឡើង​ដោយ​ពួក​រ៉ូម៉ាំង) ។ល។ និង ។ល។

 ក៏ប៉ុន្តែ នៅ​អឺរ៉ុប​ ភាព​រីកចម្រើន​ជឿនលឿន​អស់ទាំងនេះ​ត្រូវ​បាន​បញ្ចប់ ជាមួយ​នឹង​ការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម នៅ​សតវត្សរ៍​ទី៥ នៃ​គ.ស ជំនួស​មកវិញ​ដោយ​ភាព​អនាធិបតេយ្យ សង្រ្គាម និង​ការ​កាប់សម្លាប់​គ្នាឥតឈប់។ ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម​ឥតឈប់​បែបនេះ ស្តេចនីមួយៗ ក្នុង​តំបន់​អឺរ៉ុប នាំគ្នា​គិតតែ​ពី​ការ​ពង្រឹង​កងទ័ព​រៀងៗ​ខ្លួន ដោយ​បំភ្លេច​ចោល លែង​គិតគូរ​​ពី​ការអប់រំ និង​សុខមាលភាព​​របស់​ប្រជាជន។

 នៅ​ស្ទើរតែ​គ្រប់​នគរ​ក្នុង​តំបន់​អឺរ៉ុប គេឃើញ​មាន​សង្រ្គាម​ដណ្តើម​រាជបល្ល័ង្ក​បាន​កើតមាន​ឡើង​ឥតឈប់ឈរ។ ការស្នងរាជ្យ​ពី​ក្សត្រ​មួយ​ទៅ​ក្សត្រ​មួយទៀត ច្រើន​តែ​កើតមាន​ឡើង ដោយ​ការ​បង្ហូរ​ឈាម។

 ម្យ៉ាងទៀត គេ​សង្កេតឃើញ​ថា នៅ​ក្នុង​អំឡុង​ពេលនោះ ស្ទើរតែ​គ្រប់រដ្ឋ​ទាំងអស់ នៅ​ទូទាំង​តំបន់​អឺរ៉ុប​ទាំងមូល អំណាច​នៃ​រដ្ឋបាល​កណ្តាល​​មាន​ការ​ធ្លាក់ចុះ​ខ្សោយ។ ចំណែក​ឯ​មេកន្ទ្រាញ​នៅតាម​ខេត្ត​វិញ មាន​អំណាច​កំពូលៗ ដោយ​ខ្លះស្ទើរតែ​មាន​អំណាច​លើស​ស្តេច​ទៅទៀត។ ទាំងនេះ​ ធ្វើ​ឲ្យរដ្ឋ​នីមួយៗ កាន់តែ​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ​កាន់តែ​ខ្លាំង។ ប្រទេស​លែងមាន​ច្បាប់។ អ្នកណា​ខ្លាំង អ្នក​នោះឈ្នះ។

 តាមការ​សិក្សា​របស់​អ្នកបុរាណវិទ្យា​ គេឃើញ​ថា ​អឺរ៉ុប​ក្រោយ​ការ​ដួលរលំ​នៃ​ចក្រភពរ៉ូម ខុសគ្នា​ពី​​អឺរ៉ុប​នៅ​ក្រោម​ចក្រភព​រ៉ូម ដូចមេឃ​និង​ដី។ នៅ​ក្រោម​ចក្រភព​រ៉ូម អឺរ៉ុប​គឺ​ជា​តំបន់​មាន​ច្បាប់ (ច្បាប់​ដែល​មាន​ការ​ចងក្រង​ជា​សំណេរ) មាន​សកម្មភាព​ជំនួញ មាន​ការ​រៀបចំ​ដែនដី​ ជា​ទីប្រជុំជន ឬ​ទីក្រុង​ ដែល​មាន​សណ្តាប់ធ្នាប់ មាន​អគារ​ប្រកប​ដោយ​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏វិចិត្រ ប្រជាជន​មាន​ការអប់រំ មានការ​ចេះដឹងខ្ពង់ខ្ពស់។ នៅ​ក្រោយ​ការ​ដួលរលំ​​នៃ​ចក្រភព​រ៉ូម​ អ្វីៗ​ទាំងអស់​នេះ​ត្រូវ​រលុបបាត់​រូប​ទាំងស្រុង ពី​អឺរ៉ុប៖ ​ប្រជាជន​មាន​​ សកម្មភាព​សំខាន់ៗ​តែ​​ពីរ​ប៉ុណ្ណោះ គឺ​ធ្វើ​ស្រែ និង​ធ្វើ​សង្រ្គាម។ អរិយធម៌​នៅ​ក្នុង​តំបន់​អឺរ៉ុប​ត្រូវ​លិចលង់​បាត់​ទាំងស្រុង។ ​​មាន​អ្នក​ប្រវត្តិសាស្រ្ត​ខ្លះ​​បាន​ឲ្យ​ឈ្មោះ​សម័យកាលនោះ​ថា​ជា​យុគខ្មៅ​ងងឹត (Age Sombre/Dark Age)

 យុគខ្មៅ​ងងឹត​នៃ​អរិយធម៌​អឺរ៉ុប បាន​អូសបន្លាយ​ពេល​​ជាច្រើន​សតវត្សរ៍ ពោលគឺ​ ចាប់តាំង​ពីការដួលរលំ​នៃ​ចក្រភពរ៉ូម (សតវត្សរ៍​ទី៥) រហូតដល់​សម័យកាល ដែល​គេ​ឲ្យ​ឈ្មោះ​ថា ឲ្យឈ្មោះ​ថា La Renaissance (អំឡុង​សតវត្សរ៍​ទី​១៤) ​នៅ​ពេល​ដែល​អរិយធម៌​អឺរ៉ុប​បាន​ចាប់ផ្តើម​លេចធ្លោ​ឡើងវិញ ជាមួយ​នឹ​ង​អ្នកប្រាជ្ញ​ល្បីៗ​នៅ​អ៊ីតាលី ដូចជា Léonard de Vinci (វិចិត្រករ ស្ថាបត្យករ វិស្វករ ទស្សនវិទូ) Machiavel (អ្នកជំនាញ​ខាង​យុទ្ធសាស្រ្ត និង​នយោបាយ) និង​ Michel-Angle (ស្ថាបត្យករ និង​វិចិត្រករ)៕


ប្រភព៖ RFI Khmer

មុន បន្ទាប់