វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (ដែលគេច្រើនហៅតាមភាសាអង់គ្លេសថា “The Great Depression”) គឺជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងអូសបន្លាយពេលយូរបំផុត នៅក្នុងប្រវត្តិសាស្រ្តពិភពលោកសម័យទំនើប។ អ្វីៗបានចាប់ផ្ទុះឡើងចេញពីភាពចលាចលនៃទីផ្សារមូលបត្រសហរដ្ឋអាមេរិក នៅខែតុលា ឆ្នាំ១៩២៩ មុននឹងរាលដាលជាវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលអូសបន្លាយពេលរហូតដល់សង្រ្គាមលោកលើកទី២។

អាដុលហ្វ ហ៊ីត្លែរ នៅឆ្នាំ១៩៣៧
នៅក្រោយសង្រ្គាមលោកលើកទី១ សហរដ្ឋអាមេរិក
ដែលជាប្រទេសឈ្នះសង្រ្គាម
ហើយដែលធ្លាប់បានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ
ដល់បណ្តាប្រទេសអឺរ៉ុប ដើម្បីយកទៅធ្វើសង្រ្គាម
បានលេចមុខឡើងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំមួយ។
ឧស្សាហកម្មអាមេរិកបានស្គាល់នូវភាពរីកចម្រើនដល់កម្រិតកំពូល លុយហូរដូចទឹក
សំណង់អគារខ្ពស់កប់ពពករីកដូចផ្សិត
ហើយទីក្រុងញូវយ៉កបានដណ្តើមតំណែងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក
ដែលពីមុនធ្លាប់តែស្ថិតនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
របបមូលធននិយមអាមេរិកក៏បានស្គាល់នូវការវិវឌ្ឍដ៏ចម្បងមួយដែរ
ដោយអ្នកជំនួញអាមេរិកបានបង្កើតនូវរបៀបរកស៊ីថ្មីមួយ
ដែលឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈទ្រឹស្តីរបស់ Henry Ford ស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្ត Ford។ Heny
Ford បានលើកឡើងនូវទ្រឹស្តីដ៏សាមញ្ញមួយថា
ដើម្បីអាចចំណេញលុយច្រើន
ក្រុមហ៊ុនរបស់លោកត្រូវតែលក់ឡានឲ្យបានច្រើន។ ដើម្បីលក់ឲ្យបានច្រើន
គឺមិនត្រូវលក់ឲ្យតែពួកអ្នកមានវណ្ណៈខ្ពង់ខ្ពស់ដូចពីមុននោះទេ
តែត្រូវលក់ឲ្យកម្មករនយោជិតធម្មតាផងដែរ
ហើយដើម្បីឲ្យកម្មករនយោជិតអាចទិញឡានជិះបាន
ទាល់តែពួកគេទទួលបានប្រាក់ខែខ្ពស់។ Ford ក៏បានដំឡើងប្រាក់ខែយ៉ាងច្រើនដល់បុគ្គលិក
ហើយបូករួមជាមួយនឹងការបើកដៃក្នុងការទិញឡានដោយបង់រំលោះផងនោះ
ទីផ្សារឡាននៅអាមេរិកក៏បានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មាន។ នៅពេលនោះ
ក្រុមហ៊ុន Ford បានផលិតឡានប្រមាណជាជិត១ម៉ឺនគ្រឿងក្នុងមួយថ្ងៃៗ
ដើម្បីដាក់លក់នៅលើទីផ្សារ។
ក៏ប៉ុន្តែ ភាពរុងរឿងនេះមានរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៩ ទីផ្សារមូលបត្រអាមេរិកបានធ្លាក់ចុះយ៉ាងគំហុក
បង្កឲ្យមានភាពចលាចល បង្កើតទៅជាវិបត្តិហិរញ្ញវត្ថុ
បណ្តាលឲ្យធនាគារជាច្រើនត្រូវក្ស័យធនជាបន្តបន្ទាប់។ បន្ទាប់មកទៀត
វិបត្តិហិរញ្ញវត្ថុនេះបានក្លាយទៅជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
ហើយបានរាលដាលចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសផ្សេងៗទៀត
នៅទូទាំងពិភពលោក។
នៅតាមបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ដូចជា សហរដ្ឋអាមេរិក
អង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម
សកម្មភាពឧស្សាហកម្មបានធ្លាក់ចុះក្នុងចន្លោះពី ២៣% ទៅ ៤៦%។
អត្រាអ្នកអត់ការងារធ្វើ កើនឡើងរហូតដល់ ២៥% ឬជាង ៣០% អាស្រ័យទៅតាមប្រទេស។
ចំណែកឯការដោះដូរពាណិជ្ជកម្មអន្តរជាតិបានធ្លាក់ចុះរហូតដល់ជាងពាក់កណ្តាល។
សេដ្ឋកិច្ចដែលពឹងផ្អែកលើឧស្សាហកម្មធុនធ្ងន់ត្រូវរងគ្រោះខ្លាំងជាងគេ។
ក៏ប៉ុន្តែ បន្តិចម្តងៗ វិស័យកសិកម្មក៏ចាប់ផ្តើមទទួលរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចនេះដែរ
ដោយសារតែតម្លៃផលិតផលត្រូវធ្លាក់ចុះដល់កម្រិតមួយទាបបំផុត
ដែលធ្វើឲ្យប្រជាកសិករពិបាកនឹងរស់។
នៅអាល្លឺម៉ង់ វិបត្តិសេដ្ឋកិច្ចពិភពលោក
គឺបញ្ហាដ៏សម្បើមមួយទៀតមកបន្ថែមពីលើបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ដែលមានស្រាប់
(ការខូចខាតដោយសារសង្រ្គាម
និងកាតព្វកិច្ចត្រូវសងការខូចខាតដល់ប្រទេសឈ្នះសង្រ្គាម
ដែលមានចែងនៅក្នុងសន្ធិសញ្ញាក្រុង Versailles នៅក្រោយសង្រ្គាមលោកលើកទី១)។
ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចអាល្លឺម៉ង់ត្រូវជាប់គាំង
ធនាគារត្រូវបិទទ្វារម្តងមួយៗ ប្រជាជនរាប់លាននាក់ត្រូវអត់ការងារធ្វើ
ហើយត្រូវប្រឈមមុខនឹងភាពក្រីក្រ ដោយបាត់បង់ប្រាក់ចំណូល។
ស្ថិតនៅក្នុងភាពវឹកវរនេះ អ្នកដែលទទួលផលចំណេញ គឺហ៊ីត្លែរ
និងគណបក្សណាហ្ស៊ី។
ឆ្លៀតក្នុងឱកាសដែលប្រទេសកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
ហើយគណបក្សកាន់អំណាចត្រូវបាត់បង់ប្រជាប្រិយភាព ហ៊ីត្លែរ
និងគណបក្សណាហ្ស៊ីក៏ចាប់ផ្តើមបង្កើនសកម្មភាពឃោសនា
ដោយសន្យាលុបចោលសន្ធិសញ្ញាក្រុង Versailles ស្តារស្ថានភាពសេដ្ឋកិច្ច
និងបង្កើតការងារដល់ប្រជាជន។ ហ៊ីត្លែរ
និងគណបក្សណាហ្ស៊ីក៏ចាប់ផ្តើមទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ
ហើយចំនួនអាសនៈនៅក្នុងសភាក៏ចេះតែកើនឡើង ពីការបោះឆ្នោតមួយ
ទៅការបោះឆ្នោតមួយ។
នៅឆ្នាំ១៩៣២
ហ៊ីត្លែរបានឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី តែត្រូវទទួលបរាជ័យ។
ក៏ប៉ុន្តែ បើទោះជាហ៊ីត្លែរមិនបានជាប់ឆ្នោតជាប្រធានាធិបតី
តែគណបក្សណាហ្ស៊ី គឺជាគណបក្សដែលមានសំឡេងច្រើនលំដាប់ទី២
នៅក្នុងសភាអាល្លឺម៉ង់ ហើយនៅខែមករា ឆ្នាំ១៩៣៣ ប្រធានាធិបតីអាល្លឺម៉ង់
ដែលទើបនឹងជាប់ឆ្នោត ហើយដែលចង់បង្ហាញឲ្យគេឃើញពីបំណងល្អ
ក្នុងការបង្កើតឲ្យមានតុល្យភាពអំណាច
ក៏បានសម្រេចតែងតាំងហ៊ីត្លែរឲ្យធ្វើជាអធិកាបតី (ប្រមុខរដ្ឋាភិបាល)។
ក៏ប៉ុន្តែ បន្តិចម្តងៗ
ហ៊ីត្លែរបានយកអំណាចជាអធិកាបតីនេះទៅបង្រ្កាបអ្នកនយោបាយប្រឆាំង
ដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួន។ ហ៊ីត្លែរបានចាត់វិធានការជាច្រើន
ក្នុងគោលដៅរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាជន
និងបង្កើនអំណាចដល់ប៉ូលិសក្នុងការចាប់មនុស្សយកមកឃុំឃាំងដោយគ្មានការកាត់ទោស។
គិតត្រឹមពាក់កណ្តាលឆ្នាំ១៩៣៣
ហ៊ីត្លែររួមជាមួយនឹងសមាជិកសភាមកពីគណបក្សណាហ្ស៊ីបានអនុម័តច្បាប់ប្រគល់អំណាចទាំងអស់
គឺទាំងអំណាចនីតិបញ្ញត្តិ
និងនីតិប្រតិបត្តិទៅឲ្យហ៊ីត្លែរកាន់កាប់តែម្នាក់ឯង
ហើយរបបនយោបាយអាល្លឺម៉ង់ត្រូវប្រែក្លាយទៅជារបបឯកបក្ស
គឺអំណាចរដ្ឋត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សតែមួយគត់ គឺគណបក្សណាហ្ស៊ី។
មួយឆ្នាំក្រោយមកទៀត នៅខែសីហា ឆ្នាំ១៩៣៤ ហ៊ីត្លែរ
និងគណបក្សណាហ្ស៊ីបានសម្រេចយកតំណែងប្រធានាធិបតី
និងអធិកាបតីមកច្របាច់បញ្ចូលគ្នាជាតំណែងតែមួយ ដែលកាន់កាប់ដោយហ៊ីត្លែរ។
មកដល់ពេលនោះ រាល់អំណាចរដ្ឋទាំងអស់ ទាំងអំណាចជាប្រមុខរដ្ឋ
ជាប្រមុខរដ្ឋាភិបាល និងជាអគ្គបញ្ជាការកងទ័ព
ត្រូវស្ថិតក្នុងដៃរបស់ហ៊ីត្លែរតែម្នាក់ឯង។
ក្រោយពីបានក្តោបក្តាប់អំណាចរដ្ឋទាំងអស់ហើយ
ហ៊ីត្លែរក៏បានចាប់ផ្តើមបង្កើនកម្លាំងទ័ពអាល្លឺម៉ង់ឡើងវិញ
ដោយរំលោភលើសន្ធិសញ្ញាក្រុង Versailles ដែលបានចុះ
នៅក្រោយសង្រ្គាមលោកលើកទី១៕
ប្រភព៖ RFI Khmer